កាយសម្ព័ន្ធ៖ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុការទទួលបានឧបករណ៍ជំនាញស្តង់ដារ គឺជាជ្រុងមួយដ៏សំខាន់ដើម្បីពង្រឹង និងបង្កើតនូវគុណផលកីឡាកម្រិតខ្ពស់ ពិសេសកីឡាកាយសម្ព័ន្ធដែលទាមទារឧបករណ៍ជាច្រើន ដើម្បីហ្វឹកហាត់ប្រចាំថ្ងៃ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានទទួលជំនួយសម្ភារៈ ហ្វឹកហាត់ពីសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុន ដែលមានតម្លៃខ្ទង់ ១ម៉ឺនដុល្លារកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនោះរួមមានឧបករណ៍កង (Ring) ១សិត, សេះកង (Pommel Horse) ១សិត, របាហ្នឹង (High Bar) ១សិត, ស្នួលំហ្នឹង (Beam) ១ និងរបាទាបខ្ពស់ (Uneven Bars) ១។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ការទទួលបានសម្ភារៈហ្វឹកហាត់ពីដៃគូអន្តរជាតិនេះ ដោយសារការមានកិច្ចសហប្រតិបត្តិការល្អក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ ជាក់ស្ដែងជប៉ុនគឺជាដៃគូសហការយូរអង្វែងមកហើយរបស់កម្ពុជា។ លោកថា សម្ភារៈទាំងនេះនឹងក្លាយជាផ្នែកមួយ ដើម្បីចូលរួមជំរុញ និងអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាន់ណា បានបន្ថែមថា សម្ភារៈទើបទទួលបាននេះសហព័ន្ធគ្រោងរៀបចំ និងដំឡើងនៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ដើម្បីជំរុញការហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីទីតាំងនេះត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ជាកន្លែងប្រមូលផ្ដុំកីឡាឡើងវិញ ដ្បិតបច្ចុប្បន្នពហុកីឡដ្ឋានជាតិកំពុងត្រូវបានប្រើប្រាស់ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅឡើយ៕
អត្ថបទ៖ លី ឈុនឡា