កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។
លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។
លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

