ភ្នំពេញ៖ វិស័យសេវាកម្មនៅក្នុងឆ្នាំ ២០២៣ នេះ កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដោយសារការងើបឡើងវិញផ្នែកសណ្ឋាគារ និងភោជ្ជនីយដ្ឋាន, ការវិលត្រឡប់នៃភ្ញៀវទេសចរណ៍, វិស័យលក់ដុំលក់រាយ និងវិស័យដឹកជញ្ជូន។
លទ្ធផលនៃការអនុវត្តឆមាសទី១ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មាននឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រដោយសន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀតរួមមាន៖ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យបន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី ក្នុងនោះចំពោះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថាបន្តកើនឡើងក្នុងរង្វង់ ៤១ ភាគរយ ដោយសារការបន្តបង្កើនទំនុកចិត្តក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា និងការកើនឡើងនូវភាពទាក់ទាញទេសចរណ៍អន្តរជាតិ ក្រោយពីការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
ជុំវិញវិស័យសេវាកម្មនេះ លោក ហូរ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស លើកឡើងថា ទាក់ទងវិស័យទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យសេវាកម្ម បច្ចុប្បន្នវិស័យនេះបានកំពុងងើបឡើងវិញ ជាក់ស្តែងក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៥៨ លាននាក់ កើនឡើងជាង ៤០០ភាគរយ។
ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ នៃវិបត្តិជំងឺកូវីដ ១៩ ក្នុងរយៈពេលជិត ២ឆ្នាំ នេះ វិស័យសេវាកម្មបានងើបឡើងជាបន្តបន្ទាប់ គាំទ្រដោយនៃការកើនឡើងសកម្មភាពអាជីវកម្ម និងការផ្តល់សេវាក្នុងស្រុក ដោយវិស័យនេះកំពុងចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ៕ អត្ថបទ៖ សុន រ៉ាឌី


