ទីបំផុតអនាគតរបស់ខ្សែបម្រើអេក្វាដ័រ Moises Caicedo ត្រូវបានកំណត់ច្បាស់លាស់ហើយ ក្រោយសម្រេចក្នុងការផ្លាស់ពី Brighton មកកាន់តោខៀវ Chelsea ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាអង់គ្លេស ១១៥លានផោន។
កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៨ ឆ្នាំនៅ Stamford Bridge និងក្លាយជាកីឡាករដែលផ្លាស់ក្លិបថ្លៃបំផុតបំបែកកំណត់ត្រាចាស់ ១០៦ លានផោនរបស់មិត្តរួមក្រុមថ្មី Enzo Fernandez ដែលផ្លាស់ពី Benfica មកកាន់ Chelsea កាលពីខែមករា។

ក្រោយការមកដល់ Stamford Bridge, Moises Caicedo បាននិយាយថា នេះជាក្តីស្រមៃក្លាយជាការពិត ហើយការសំរេចចិត្តមកកាន់ទីនេះ មិនប្រើពេលយូរឡើយ ហើយក៏មិនបាច់ពិចារណាអ្វីដែរ ដោយសារតែ Chelsea ជាក្លិបដែលខ្លួនស្រលាញ់គាំទ្រ។
ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែលដំបូងបានយល់ព្រមក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។
រំលឹកថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លានផោនប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។
Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំងពីពេលនោះមកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ