ភ្នំពេញ ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុនចាប់ផ្តើមងើបឡើងវិញ ដោយនៅត្រឹមត្រីមាសទីមួយឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ៦៣២លានដុល្លារ។
យោងតាមតួលេខកត់ត្រាដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងរយៈពេលបីខែដើមឆ្នាំនេះ បានកើនឡើង ៧ភាគយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចាប់ពីខែមករា ដល់ខែមីនា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីប្រទេសសេដ្ឋកិច្ចធំទីបីពិភពលោកមួយនេះ មានទំហំទឹកប្រាក់សរុប៤៨៩ លានដុល្លារ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។
ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសជប៉ុនវិញ មានទំហំទឹកប្រាក់ ១៤៣លានដុល្លារ កើនឡើង២៨ភាគរយ។
យោងតាមក្រសួងពាណិជ្ជកម្ម ផលិតសក្ដានុពលដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានដូចជា ផលិតសំលៀកបំពាក់ កង់ គ្រឿងបង្គំអេឡិចត្រូនិក និងផលិតកសិកម្ម។ កាលពីឆ្នាំ២០២០ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុប ២ ០៩៩លានដុល្លារ ធ្លាក់ចុះ៨ ភាគរយ ធៀបនឹងឆ្នាំ២០១៩៕
អត្ថបទ៖ វណ្ណៈ

