ចិន៖ អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN ក្នុងទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវានឹងគ្រាន់តែបង្កើនការប្រឈមមុខដាក់គ្នា និង ការបង្កជម្លោះប៉ុណ្ណោះ។
សហរដ្ឋអាមេរិក អាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ វានឹងជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះ ចាប់តាំងពីឆ្នាំ ២០១៧មក។
អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN បាននិយាយថា៖«ប្រទេសចិនមើលឃើញថា គ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សា ដើម្បីឲ្យមានកិច្ចប្រជុំបែបនេះទេ ហើយនឹងប្រឆាំងវា ដោយបន្ថែមថា អាណត្តិរបស់ក្រុមប្រឹក្សានេះគឺ«ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មិនមែនបញ្ហាសិទ្ធិមនុស្សទេ»។
អ្នកនាំពាក្យរូបនេះ បាននិយាយដោយសំដៅដល់ឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េថា៖«កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ស្ថិតនៅក្រៅអាណត្តិរបស់ក្រុមប្រឹក្សា ធ្វើឲ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នានិងការបង្កជម្លោះប៉ុណ្ណោះ»៕

