អាហ្វហ្គានីស្ថាន៖ ក្រុមអ្នកជំនាញរបស់UN បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋឥស្លាម(IS)នៅតែបញ្ជាសមាជិកពី ៥.០០០ ទៅ៧.០០០នាក់ នៅទូទាំងអតីតតំបន់ការពាររបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានគំរាមកំហែងបង្កអំពើភេរវកម្មធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ។
អ្នកជំនាញឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់អារ៉ាប់ Daesh (ដែស) បាននិយាយថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ថា ការគំរាមកំហែងដែលបង្កឡើងដោយIS នៅតែមានភាគច្រើននៅក្នុងតំបន់ជម្លោះ និងកម្រិតទាបនៅក្នុងតំបន់ដែលមិនមានជម្លោះ ។
ប៉ុន្តែក្រុមនេះបាននិយាយនៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខUNថា៖«ស្ថានភាពទាំង មូលមានភាពសកម្មយ៉ាងខ្លាំង» ហើយទោះបីជាមានការខាតបង់យ៉ាងសំខាន់ក្នុងការដឹកនាំក្រុមនេះ និងបាន កាត់បន្ថយសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ ក៏ហានិភ័យនៃការកើតឡើងវិញរបស់ក្រុមនេះ នៅតែមាន។
ក្រុមអ្នកជំនាញ បាននិយាយថា៖«ក្រុមនេះ បានកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួន ដោយបង្កប់ខ្លួនជាមួយប្រជាជនក្នុងតំបន់ និងបានអនុវត្តការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសមរភូមិ ដែលទំនងជាបណ្តាលឲ្យ មានការខាតបង់មានកម្រិត ខណៈពេលដែលការកសាងឡើងវិញ និងជ្រើសរើសពីជំរំនៅភាគឦសាននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី និងពីបណ្តាសហគមន៍ដែលងាយរងគ្រោះ រួមទាំងនៅប្រទេសជិតខាង»៕

