ឥណ្ឌា៖ ខណៈប្រទេសឥណ្ឌាត្រៀមប្រារព្ធទិវាឯករាជ្យលើកទី៧៧ ដោយបានធ្វើការតុបតែងភ្លើងព័ណ៌នៅវិមានដែលមានរូបបដិមា នៅទូទាំងប្រទេស ភាគច្រើនមានព័ណ៌ចម្រុះនៃទង់ជាតិ។
វិមានល្បីឈ្មោះ និងកន្លែងព្រឹត្តិការណ៍សំខាន់ៗរួមមាន វិមាន Qutb Minar ច្រកទ្វាចូលប្រទេសឥណ្ឌា ស្ពានHowrah Bridge និងទីកន្លែងជាច្រើនទៀតត្រូវបានគេមើលឃើញបំពាក់ភ្លើងមានពន្លឺចែចាំង នៅទូទាំងប្រទេស។
នៅមុនថ្ងៃទិវាឯករាជ្យជាតិបុគ្គលិកសន្តិសុខ នៃកងកម្លាំងសន្តិសុខព្រំដែនប្រទេសឥណ្ឌា ត្រូវបានគេឃើញកំពុងល្បាតនៅព្រំដែន ដោយថ្មើរជើងនិងតាមទូក។ ប្រទេសឥណ្ឌា បានទទួលសេរីភាពពីការគ្រប់គ្រងអាណានិគម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧។
ការរៀបចំពេញលេញសម្រាប់ការប្រារព្ធទិវាឯករាជ្យនៅថ្ងៃអង្គារទី១៥ ខែសីហា នេះខណៈការរៀបចំសន្តិសុខត្រូវបានបង្កើននៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងមានការហាត់សមពេញលេញរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលធ្វើឡើងនៅវិមាន Red Fort ក្នុងទីក្រុងឌេលី កាលពីថ្ងៃអាទិត្យ។
ភ្ញៀវពិសេសៗប្រមាណ១.៨០០នាក់ រួមមានមន្ត្រីតំបន់ បុគ្គលិក គ្រូបង្រៀន គិលាននុបដ្ឋាក ត្រូវបានអញ្ជើញមកចូលរួមក្នុងទីវានេះ។
ការប្រារព្ធទិវាឯករាជ្យ នឹងត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Modi ដែលនឹងថ្លែងសុន្ទរកថា ពីវិមាន Red Fort។ លោកក៏ត្រូវបានគេរំពឹងថា នឹងត្រួតកងកិត្តិយស និងលាតត្រាដាងទង់ជាតិនៅវិមាន Red Fort ៕

