កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នៅតែស្រែកឃ្លានជ័យជំនះ មិនដែលនឿយណាយ ស្របពេលដែលម្ចាស់ជើងឯក Grand Slam ២៣ លើករូបនេះត្រៀមលក្ខណៈ សម្រាប់ការវិលត្រឡប់មកកាន់ទឹកដីអាមេរិក មុនការប្រកួត Cincinnati Open សប្តាហ៍នេះ។
Djokovic បានយកឈ្នះជើងឯក Grand Slam ២ លើកក្នុងឆ្នាំនេះនៅ Australian Open និង French Open មុនពេលមកចាញ់ Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្របាត់បង់ពាន Wimbledon កាលពីខែមុន។

យ៉ាងណាក្តី កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បាននិយាយថា គេប្រើពេលត្រឹម ១ ថ្ងៃប៉ុណ្ណោះដើម្បីបំភ្លេចការខកចិត្ត មិនឈ្នះជើងឯក Wimbledon នេះ។
កីឡាករស៊ែបរូបនេះ នឹងងាកមកផ្តោតអារម្មណ៍លើការប្រកួតនៅទឹកដីអាមេរិក ដែលខកខានមកកាន់ទីនេះរយៈពេល ២ ឆ្នាំមកហើយដោយសារបញ្ហាវ៉ាក់សាំង Covid-19។
Novak Djokovic នឹងចូលរួមការប្រកួត Cincinnati Open ជាលើកដំបូងតាំងពីឆ្នាំ ២០១៩ ដែលជាការប្រកួតកម្មវិធីត្រៀមលក្ខណៈមួយមុនព្រឹត្តិការណ៍ Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open ឈានចូលមកដល់នៅចុងខែសីហានេះ៕ អត្ថបទ៖នាង សុភាវុធ
