ជប៉ុន៖ ប្រជាជននៅក្នុងប្រទេសជប៉ុនកំពុងប្រារព្ធខួបលើកទី៧៨ដ៏សំខាន់ នៅថ្អៃងង្គារនេះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ សេចក្តីថ្លែងការណ៍មួយមកពី ព្រះចៅអធិរាជ Showa ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ដែលប្រកាសថា ប្រទេសនេះ បានចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទី២។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន បានរៀបចំពិធីមួយនៅក្នុងទីក្រុងតូក្យូ ដើម្បីរំលឹកដល់ប្រជាជនប្រមាន៣,១ លាននាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាម។
នាយករដ្ឋមន្ត្រី លោក Kishida Fumio នឹងថ្លែងសុន្ទរកថា ។ នៅពេលរសៀល ក្រុមអ្នកចូលរួម នឹងធ្វើពិធីស្មឹងស្មាធិ៍១នាទី។ ព្រះចៅអធិរាជ Naruhito នឹងថ្លែងព្រះរាជសុន្ទរកថា។ សាច់ញាតិជនរងគ្រោះមួយចំនួន ត្រូវបានអញ្ជើញឲ្យមកចូលរួមពិធីនៅឆ្នាំនេះជាពិធីធំបំផុត ចាប់តាំងពីវីរុសកូរ៉ូណា បានចាប់ផ្តើមរាលដាល។ ប្រជាជនមកពី ខេត្តចំនួន៤៧ ត្រូវបានកំណត់ពេលចូលរួមជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ។
ប៉ុន្តែក្រសួងសុខាភិបាល និងសុខមាលភាព និយាយថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ សាច់ញាតិមកពីខេ្តចំនួន៩ បានសម្រេចចិត្តមិនចូលរួមដោយសារតែព្យុះទីហ្វុង Lan។ សាច់ញាតិអ្នកដែលបានស្លាប់ដោយសង្គ្រាមជាង៧៥ភាគរយ ដែលមានផែនការចូលរួមក្នុងពិធីនេះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មានអាយុ៧០ឆ្នាំឬចាស់ជាងនេះ។
ប្រទេសជប៉ុន ជួបនឹងបញ្ហាប្រឈមដ៏ធំដែលបានឆ្លងកាត់បទពិសោធន៍សង្គ្រាមរហូតដល់មនុស្សជំនាន់ក្រោយ ខណៈអ្នកនៅរស់រានមានជីវិត ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម មានចំនួនថយចុះ។ ព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដើម្បីឆ្លុះបញ្ចាំងពីសន្តិសភាព នឹងត្រូវធ្វើឡើងផងដែរ នៅទូទាំងប្រទេសនៅថ្ងៃនេះ៕

