ជប៉ុន៖ ទូកនេសាទកូរ៉េខាងត្បូងមួយក្រុមកាលពីថ្ងៃចន្ទ បានធ្វើព្យុហយាត្រាតាមសមុទ្រនៅក្នុងដែនទឹកពីទីក្រុងកំពង់ផែ Incheon ភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានខែថ្មីៗនេះដោយអ្នកនេសាទក្នុងស្រុក ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះគម្រោងបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ។
ទូកនេសាទជាង៥០គ្រឿង បានចេញដំណើរពីផែក្នុងទីក្រុង Incheon ក្នុងការធ្វើដំណើរស្របគ្នា ដោយជិះជុំវិញប្រហែលមួយម៉ោងកន្លះ ជាមួយនឹងផ្ទាំងបដានៅលើនាវាដែលសរសេរថា «ប្រើទឹកសំណល់ ហ្វ៊ូគូស៊ីម៉ា ជាទឹកផឹកនៅក្នុងប្រទេសជប៉ុនទៅ» និង «មហាសមុទ្រមិនមែនជាកន្លែងសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចោលនោះទេ»។
ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១។
មុនពេលបាតុកម្មនោះ អ្នកនេសាទជាង១៥០នាក់ ក៏បានប្រមូលផ្តុំគ្នានៅលើដីគោក ប្រឆាំងនឹងផែនការបង្ហូរទឹករបស់ប្រទេសជប៉ុន នេះដែរ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានរងគ្រោះពីការថយចុះនៃការប្រើប្រាស់អាហារសមុទ្រក្នុងស្រុក បណ្តាលមកពីការបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលបានគ្រោងទុកពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា នេះ៕


