ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ៦ខែនៃឆ្នាំ២០២៣ សម្រាប់ក្របខណ្ឌទូទាំងប្រទេស មានការថយចុះគួរកត់សម្គាល់ បើធៀបទៅនឹង៦ខែ នៃឆ្នាំ២០២២កាលពីពេលកន្លង ហើយភាគច្រើន គ្រោះថ្នាក់ចរាចរណ៍ គឺឧស្សាហ៍កើតមានឡើងនៅពេលរាត្រី ។
លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ BTV ឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃដើមឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៥៤៨លើក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៧៥៦នាក់ និងរបួសមនុស្សចំនួន ២០៧២នាក់ ។ ក្នុងនោះដែរ បើគិតជាអាត្រាភាគរយ នៃគ្រោះថ្នាក់ដែលបានកើតឡើង គឺ មាន៥៤ភាគរយ ដែលកើតឡើងនៅពេលរាត្រី ។
ទន្ទឹមនឹងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានការថបថយចុះ លោកឧត្តមសេនីយ៍ត្រីអនុប្រធាននាយកដ្ឋាន ក្នុងនាមនគរបាលជំនាញ ក៏សូមធ្វើការអំពាវនាវដល់ពលរដ្ឋអ្នកដំណើរទូទៅទាំងអស់មេត្តាបន្តនាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក៏ដូចជាការការពារដល់សុខសុវត្ថិភាពផ្ទាល់ខ្លួន និង សុវត្ថិភាពលើដងផ្លូវសាធារណៈផងដែរ ៕ អត្ថបទ » លីហេង