ឥណ្ឌា៖ អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ក្នុងខែកក្កដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ខែ ដោយសារតម្លៃបន្លែ និងគ្រាប់ធញ្ញជាតិបានកើនឡើងយ៉ាងខ្លាំង ដែលលើសពីការរំពឹងទុករបស់ទីផ្សារទាំងអស់ និងបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីកាត់បន្ថយតម្លៃ។
អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងដល់៧,៤៤% នៅក្នុងខែកក្កដា ពីអត្រា៤,៨៧% កាលពីខែមុន។ ការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ លើអ្នកសេដ្ឋវិទូចំនួន៥៣នាក់ បានព្យាករណ៍អត្រាអតិផរណាលក់រាយចំនួន៦,៤០%។ តួលេខនេះគឺខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២២មក។
អតិផរណាម្ហូបអាហារ ដែលមានចំនួនជិតពាក់កណ្តាលនៃកញ្ចប់តម្លៃទំនិញប្រើប្រាស់ទាំងមូល បានឈានដល់កម្រិត១១,៥១% នៅក្នុងខែមិថុនា។ អតិផរណាម្ហូបអាហារលក់រាយ គឺស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាឆ្នាំ២០២០មក។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលនៃប្រទេសឥណ្ឌា (RBI) បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនាពេលបច្ចុប្បន្ន ដល់៥,៤% ពីអត្រា៥,១% នៅរយៈពេលមុននោះ ដោយសំអាងដល់បញ្ហាតម្លៃម្ហូបអាហារ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រហែលជាត្រូវនាំចូលស្រូវសាលីក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយតម្លៃអាហារក្នុងស្រុក នៅមុនការបោះឆ្នោតរដ្ឋសំខាន់ៗ និងការស្ទង់មតិថ្នាក់ជាតិនៅឆ្នាំ២០២៤ខាងមុខនេះ៕

