ឥណ្ឌា៖មនុស្សយ៉ាងហោចណាស់៥៨នាក់ បានបាត់បង់ជីវិត ដោយមនុស្ស៩នាក់ក្នុងចំណោមនោះបានស្លាប់នៅក្នុងការរលំវិហារសីវៈ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវគេបារម្ភថា បានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌា នេះបើតាមក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (១៤ សីហា) ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានហូរនាំទៅនូវយានយន្ត បំផ្លាញអគារ និង ស្ពានជាច្រើន នៅភាគខាងជើងនៃរដ្ឋ Himachal Pradesh និងរដ្ឋ Uttarakhand ក្នុងប្រទេសឥណ្ឌា។
ទឹកជំនន់ និងបំណាក់ដីជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងអំឡុងរដូវមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់គ្រោះធម្មជាតិទាំងនោះ។ នៅរដ្ឋ Himachal Pradesh មនុស្ស៥០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់៩នាក់ បានស្លាប់នៅក្នុងការដួលរលំនៃវិហារសីវៈរបស់សាសនាហិណ្ឌូ ក្នុងរដ្ឋធានី Shimla នៃរដ្ឋនេះ។
ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរចាប់តាំងពីថ្ងៃសុក្រនៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាងនោះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយផ្លូវសំខាន់ៗ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង ត្រូវបានរំខាន៕

