ជប៉ុន៖ តូក្យូ (១៥ សីហា)៖ ប្រទេសជប៉ុន បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់កូរ៉េខាងត្បូង អំពីឯកសារដែលត្រូវបានចោទប្រកាន់ថា ជាទូរលេខផ្លូវការរបស់ជប៉ុន ស្តីពីគម្រោងការបញ្ចេញសំណល់ទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានខូចខាតលេខ១ ចូលទៅក្នុងសមុទ្រ។
ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា របាយការណ៍នោះមិនមានមូលដ្ឋាននៅក្នុងការពិតទេ ហើយឯកសារនោះគឺជាការក្លែងបន្លំទាំងស្រុង។
យោងតាមក្រសួងបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃចន្ទថា ទូរលេខដែលត្រូវបានចោទប្រកាន់ដោយក្រសួង បានបញ្ជាក់ថាការវាស់ស្ទង់សំណល់ទឹក ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ផ្ទុកទុកក្នុងអាងក្រោមដី កាលថ្ងៃទី៨ ខែកក្កដារបស់ក្រុមហ៊ុន TEPCO បានបង្ហាញពីកម្រិតវិទ្យុសកម្មលើសពីតួលេខស្ដង់ដារយ៉ាងច្រើន។
របាយការណ៍នោះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន កំពុងពិចារណាលើការបំពេញតាមស្តង់ដារសុវត្ថិភាពដោយសម្លាប់មេរោគពីទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចបន្ថែមទៀត។
ក្រុហ៊ុន TEPCO គ្រោងនឹងបញ្ចេញសំណល់ទឹកពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលបានរងការបំផ្លិចបំផ្លាញចំនួន៣ដងកាលពីខែមីនា ឆ្នាំ២០១១ ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បន្ទាប់ពីបានធ្វើប្រព្រឹត្តកម្មតាមរយៈឧបករណ៍សម្អាត៕

