ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទបញ្ចប់តំបន់លឿងទុំនៅក្នុងក្រុង មុនកាលកំណត់ ក្រោយការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មានការថមថយចុះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីម្សិលមិញ អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្ដម គួច ចំរើន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក បានបញ្ជាក់ថា ឯកឧត្តម គួច ចំរើន ក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជា ការបិទខ្ទប់ក្រុងព្រះសីហនុ ការកំណត់តំបន់ក្រហម និងតំបន់លឿងទុំ ការកាត់បន្ថយតំបន់លឿងទុំ និងតំបន់លឿង ។ល។ ជាលទ្ធផល គឺការឆ្លងរាលដាល បានធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត បានសម្រេចបញ្ចប់តំបន់លឿងទុំក្នុងក្រុងព្រះសីហនុ មុនកាលកំណត់ ដោយប្តូរមកជាតំបន់លឿងវិញ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យលើការល្មើសបម្រាមទាំងឡាយ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ប្រាប់ដល់អាជ្ញាធរស្រុកព្រៃនប់ ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ឺងមាត់ ប្រើប្រាស់វិធានការការអប់រំ ការណែនាំ វិធានការរដ្ឋបាល ផាកពិន័យ និងផ្តន្ទាទោស។ វិធានការទាំង៥ចំណុចនេះ គឺត្រូវតែអនុវត្ត បើមិនដូច្នោះទេ មិនអាចគ្រប់គ្រងស្ថានការបាននោះទេ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ ក្នុងករណីរកឃើញអ្នកជំងឺកូវីដ-១៩ នៅក្នុងលំនៅឋានណាមួយ ឬ ទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ។ល។ ត្រូវកំណត់ទីតាំងនោះ ជា «ទីតាំងក្រហម» ទោះបីទីតាំងនោះឋិតនៅក្នុងតំបន់ណាមួយក៏ដោយ។ ក្នុងអំឡុងពេលត្រូវកំណត់ជា«ទីតាំងក្រហម» ត្រូវអនុវត្តវិធានការហាមឃាត់ការចេញចូល ឆ្លងកាត់ទីតាំងនោះជាបន្ទាន់។ ហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ ហាមឃាត់ការលក់ដូរ ឬការធ្វើអាជីវកម្ម សេវាកម្មផ្សេងៗ។ បុគ្គល ដែលស្នាក់នៅក្នុង «ទីតាំងក្រហម» ត្រូវភ្ជាប់កម្មវិធីសម្រាប់តាមដានការធ្វើចត្តាឡីស័ក និងកំណត់ទីតាំងនោះជាកន្លែងធ្វើចត្តាឡីស័ក៕
អត្ថបទ៖ គង់ ប៊ុនថា