ទីភ្នាក់ងារព័ត៌មានInterfax បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ដែលទទួលបន្ទុកផ្នែកនាំចេញនៃក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី នឹងផ្តល់ការបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះS-400 ដល់ប្រទេសឥណ្ឌា ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នា។

ប្រទេសឥណ្ឌា គឺជាប្រទេសនាំចូលអាវុធដ៏ធំបំផុតរបស់ពិភពលោក ហើយភាគច្រើននៅតែប្រើប្រាស់បច្ចេកវិទ្យារុស្ស៊ីសម្រាប់អាវុធប្រពៃណី ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងញូវដែលី បានសម្តែងការព្រួយបារម្ភថាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចពន្យារពេលការដឹកជញ្ជូនសព្វាវុធដែលបានគ្រោងទុកនោះ។
សារព័ត៌មានInterfax បានដកស្រង់សម្តី លោកឌីមិទ្រី ស៊ុហ្គាអេវ (Dmitry Shugaev) ប្រធានសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារបស់ប្រទេសរុស្ស៊ី ដោយនិយាយថា៖«ការផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះS-400 Triumf ( ត្រាយអឹម) កំពុងត្រូវបានធ្វើឡើង តាមកាលវិភាគ»។
លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍កងកម្លាំងប្រដាប់អាវុធថា៖«ការប្រគល់ឧបករណ៍នៃប្រព័ន្ធ S-400 Triumf ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នា»។
