សារព័ត៌មានជាភាសាអេស្ប៉ាញ Hoy កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ បន្ទាប់ពីមានការផ្ទុះនៅជិតរដ្ឋធានីនៃសាធារណរដ្ឋដូមីនីក។

សារព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់នោះ ក៏មានអ្នករងរបួសយ៉ាងតិចណាស់ ២៨នាក់ផ្សេងទៀតដែរ ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រប្លាស្ទិកមួយ នៅខេត្ត San Cristobal ភាគខាងត្បូងនៃសាធារណរដ្ឋដូមីនីក។
ជាមួយគ្នានេះ សេវាសុខភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះទាំងនោះ ក៏រួមមានទារកអាយុ ៤ខែម្នាក់ និងមនុស្សពេញវ័យ ២នាក់ ដែលពួកគេ សុទ្ធតែរងការរលាក ៩០ភាគរយ នៅលើដងខ្លួនដូចគ្នា។
រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី លោក Joel Santos បានទៅកន្លែងកើតមហន្តរាយនេះ ជាទីដែលលោក បាននិយាយថា ធនធានរបស់រដ្ឋាភិបាល នឹងត្រូវបានប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
