ក្រុមមន្ត្រី បាននិយាយថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ល្វីវ (Lviv) ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន និងតំបន់វ៉ូលីន ( Volyn)ភាគពាយ័ព្យ ដោយត្រូវចំអគារជាច្រើន បណ្តាលឲ្យជនស៊ីវិលរងរបួស និងបង្ខំឲ្យមានការជម្លៀសមនុស្សចេញ។

អភិបាលក្រុង លោក អានឌ្រីយ សាដូវយី ( Andriy Sadovyi) បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃអង្គារនេះថា៖«មីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែក៏មានការវាយប្រហារនៅក្នុងទីក្រុងល្វីវផងដែរ ដោយបន្ថែមថា បទបញ្ជាជាច្រើនត្រូវបានចេញឲ្យជម្លៀសចេញពីយ៉ាងហោចណាស់អគារផ្ទះល្វែងមួយដែលកំពុងឆេះ។
លោកអភិបាលក្រុងនេះ បាននិយាយនៅលើ Telegram ថា មនុស្ស ៤នាក់ ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដ ហើយអគារលំនៅឋានជាង ១០០ខ្នង ត្រូវខូចខាតក្នុងការវាយប្រហារ រួមទាំងសាលាមត្តេយ្យមួយកន្លែង ដែលត្រូវបានបំផ្លាញដោយសារការធ្លាក់កម្ទេចកម្ទីពីមីស៊ីលរុស្ស៊ីដែលត្រូវបានបំផ្លាញ។
មុននេះ អភិបាលតំបន់ល្វីវ លោក ម៉ាស៊ីម កូហ្ស៊ីតស្គី (Maxim Kozitsky) បាននិយាយថា៖«ក្រុមមី ស៊ីលរុស្ស៊ីជាច្រើនក្រុម ត្រូវបានតម្រង់ឆ្ពោះទៅកាន់តំបន់នេះ។
