បណ្ដាមេដឹកនាំរដ្ឋនៃសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅឯលំឋានលំហែកាយ Camp David នៅថ្ងៃសុក្រខាងមុខនេះ ហើយពួកគេត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ ជាពិសេសលើបច្ចេកវិទ្យា និងការការពារជាតិ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

ជាការឆ្លើយតបទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការយោធារវាងរដ្ឋ និងរដ្ឋ គួរតែអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនគួរកំណត់គោលដៅលើភាគីទីបី ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយឡើយ។
ក្រសួងក៏បានបន្ថែមផងដែរថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាប្រទេសនៅក្រៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជ្រៀតជ្រែកក្នុងកិច្ចការអាស៊ី ហើយកូរ៉េខាងត្បូង និងជប៉ុន គួរតែបដិសេធមិនធ្វើអ្វីដែលធ្វើឱ្យខូចទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់ ព្រមធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។
ក្រៅពីនេះ ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយសំណួរទាក់ទងតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់ ហើយថាប្រទេសផ្សេងទៀតមិនគួរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ៕
