ជប៉ុន ៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានកើនឡើងលឿនជាងការរំពឹងទុក ក្នុងខែមេសា ដល់ខែមិថុនា ខណៈសន្ទុះនៃការនាំចេញរថយន្តក្នុងសន្ទុះដ៏លឿន និងការមកដល់របស់ភ្ញៀវទេសចរដ៏ច្រើន បានជួយកាត់ផ្តាច់នូវភាពយឺតយ៉ាវពីការងើបស្ទុះឡើងវិញនៃអ្នកប្រើប្រាស់ក្រោយជំងឺរាតត្បាតកូវីដ បើទោះបីជាការរំពឹងទុកពីឱនភាពសកល អាចធ្វើឲ្យស្រអាប់ចក្ខុវិស័យក៏ដោយ។
កំណើនប្រចាំឆ្នាំ ៦,០ភាគរយ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានបង្ហាញពីការកើនឡើងប្រចាំត្រីមាស ១,៥ភាគរយ ដែលខ្ពស់ជាងការការព្យាករណ៍ជាមធ្យម ០,៨ភាគរយ ក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងដែលនាំឲ្យផលិតផលសរុបក្នុងស្រុក (GDP) ឡើងដល់កម្រិតខ្ពស់បំផុត។
នេះគឺជាការកើនឡើងដ៏លឿនបំផុត គិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ និងបន្ទាប់ពីកំណើន ដែលត្រូវបានកែសម្រួលចំនួន ៣,៧ភាគរយ ក្នុងខែមករាដល់ខែមីនា។
បើទោះបីជាទិន្នន័យ GDP ដ៏គួរឲ្យចាប់អារម្មណ៍នេះ ផ្តល់នូវភាពធូរស្រាលខ្លះដល់អ្នកបង្កើតគោលនយោបាយដែលស្វែងរកតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងអតិផរណាប្រកបដោយនិរន្តរភាពក៏ដោយ ក៏ទិន្នន័យនេះ បិទបាំងភាពទន់ខ្សោយ ដែលមាននៅក្នុងវិស័យទាក់ទងនឹងគ្រួសារ។
តែយ៉ាងណាក្ដី ការនាំចេញរបស់ប្រទេសជប៉ុន បានកើនឡើង ៣,២ភាគរយ នៅត្រីមាសទី២ ដែលនាំមុខដោយការនាំចេញរថយន្ត និងការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលការចំណាយដើមទុនមានលក្ខណៈធម្មតា៕

