រុស្ស៊ី ៖ អគ្គិភ័យនិងការផ្ទុះនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងតំបន់Dagestanភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្នុងនោះមានកុមារ៣នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមមន្ត្រីក្នុងតំបន់និងរាយការណ៍ព័ត៌មាន។
ក្រុមមន្ត្រី បាននិយាយនៅមុននេះបន្តិចថា អគ្គិភ័យបានចាប់ផ្តើមឆេះនៅហាងជួសជុលរថយន្តមួយកន្លែងនៅតាមដងផ្លូវនៃផ្លូវហាយវេក្នុងរដ្ឋធានីMakhachkala ដែលស្ថិតនៅមាត់សមុទ្រCaspianកាលពីយប់ថ្ងៃចន្ទ ហើយបណ្តាលឲ្យមានការផ្ទុះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈក្បែរនោះ។
សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«វាដូចជាសង្រ្គាមនៅទីនេះ»។

