ស្វាយរៀង ៖ ប្រធានក្រុមការងារចុះជួយឃុំ ក្នុងខេត្តស្វាយរៀង បានអំពាវនាវឱ្យពលរដ្ឋបង្កើនការចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈវាបាននឹងកំពុងឆ្លងរាលដាលច្រើនគួរឱ្យព្រួយបារម្ភ ក្នុងចំណោមកម្មកររោងចក្រ ក្នុងក្រុងបាវិត។
លោក ប៉ាង ឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងពិធីផ្ដល់ស្បៀងរបស់រាជរដ្ឋាភិបាល ជូនអតីតយុទ្ធជន និងគ្រួសារ ចំនួន៣០គ្រួសារ នៅក្នុងឃុំសំឡី ស្រុកកំពង់រោទិ៍ កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល ពិសេស វិធានករ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ខណៈដែលជំងឺនេះ បាននឹងកំពុងផ្ទុះ និងចម្លងក្នុងចំណោមកម្មករ កម្មការិនី ដែលជាកូន ជាចៅ នៅក្នុង និងនៅជិតៗមូលដ្ឋាននេះ។
លោក បានបន្តថា ជំងឺកូវីដ១៩ ជាជំងឺ ដែលសកលលោក បាននឹងកំពុងយកចិត្តទុកដាក់កម្ចាត់ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែមានកាតព្វកិច្ចចូលរួមកម្ចាត់ជំងឺនេះផងដែរ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល មិនត្រូវចេញទៅណាផ្ដេសផ្ដាស និងកុំជួបជុំគ្នាច្រើន ក្នុងករណីមិនចាំបាច់ ដោយ ងាកមកប្រើពេលវេលានេះ គិតគូរដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីហូបចុក និងបម្រើទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។
តំណាងគ្រួសារអតីតយុទ្ធជន ដែលបានទទួលអំណោយរាជរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសហគមន៍អតីតយុទ្ធជនកម្ពុជា ដែលបានបន្តគិតគូរឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់ ពិសេសប្រាក់បៀរវត្សរ៍ប្រចាំខែ បានទាន់ពេលដល់ពួកគេ។
លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងគ្រួសារមានគុណបំណាច់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មួយចំនួន ក្នុងក្រុងបាវិត បានរងនូវការគំរាមកំហែងដោយជំងឺកូវីដ-១៩ ដែលបាននឹងកំពុងឆ្លងរាលដាលលើកម្មកររោងចក្រ ដែល ក្នុងមួយថ្ងៃ គឺរហូតដល់ជិត១០០នាក់៕
អត្ថបទ៖ ភា សារិត