បាត់ដំបង ៖ ស្រូវប្រាំងជាច្រើនពាន់ហិកតា នៅឃុំជ្រៃ ស្រុកមោងឫស្ស កំពុងជួបបញ្ហាគ្រោះរាំងស្ងួត បណ្ដាលឲ្យរងការខូចខាតជាបណ្ដើរៗ ខណៈដែលស្រូវខ្លះកំពុងផើម និងខ្លះទៀតបានបែក ហើយប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ ។
ប្រជាពលរដ្ឋរស់នៅភូមិអង្គ្រង ឃុំជ្រៃ បានលើកឡើងថា តំបន់ពួកគាត់មានទីតាំងស្ថិតនៅជាប់នឹងដងស្ទឹងដូនទ្រី ធ្វើស្រែពឹងផ្អែកទៅលើទឹកភ្លៀង និងប្រភពទឹកធំ នៅទំនប់អាងទឹកបាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី ។
ពលរដ្ឋបន្តថា ដោយជារៀងរាល់ឆ្នាំ ពួកគាត់ធ្វើស្រែប្រភេទស្រូវប្រាំង និងស្រូវវស្សា ដែលឆ្នាំនេះ ស្ថានភាពទឹកភ្លៀងធ្លាក់មិនសូវបានច្រើននោះទេ ទើបបណ្ដាលឲ្យស្រូវប្រាំងរបស់ពួកគាត់ជាច្រើនហិកតា កំពុងជួបគ្រោះរាំងស្ងួត ដូចនេះសូមស្នើដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ផង ៕ ដោយ ៖ សារិទ្ធិ





