ឡាតវី ៖ នាយករដ្ឋមន្ត្រីឡាតវី លោក Krisjanis Karins នឹងលាលែងពីតំណែង រួមជាមួយនឹងគណៈរដ្ឋមន្ត្រីរបស់លោក ដោយដើមហេតុ ដែលឈានដល់ការចុះចេញពីតួនាទីនេះ ត្រូវបានទម្លាក់កំហុសលើការបែកបាក់ក្នុងទំនាក់ទំនងជាមួយសមាជិកដទៃទៀតនៃរដ្ឋាភិបាលពហុបក្ស ហើយក្នុងការប្រកាសលាលែងរបស់លោក លោក Karins បាននិយាយថា លោកកំពុងចុះចេញពីតំណែង ដោយសារការភាពសោះអង្គើយនៃកិច្ចសហប្រតិបត្តិការដ៏ស្វាហាប់ និងតម្រូវការឲ្យមានរដ្ឋាភិបាលចម្រុះថ្មី។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ថ្ងៃព្រហស្បតិ៍នេះ ខ្ញុំនឹងដាក់ពាក្យលាលែងរបស់ខ្លួនខ្ញុំផ្ទាល់ និងគណៈរដ្ឋមន្ត្រីនេះទៅលោកប្រធានាធិបតី»។
គួរបញ្ជាក់ដែរថា គណបក្សឯកភាពថ្មីឬ New Unity ដែលជាគណបក្សស្តាំនិយមកណ្តាលរបស់លោក Karins បានឈ្នះការបោះឆ្នោតជាតិ ក្នុងខែតុលា ឆ្នាំ២០២២ ដោយទទួលបាន ២៦អាសនៈ ក្នុងចំណោម ១០០អាសនៈ ក្នុងសភាដែលប្រេះឆា មានតំណាងមកពីគណបក្សចំនួន៧។
យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter សម្រាប់ការសម្រេចចិត្ត កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា) បានបង្ហាញថា លោកបានស្តីបន្ទោសដៃគូ ក្នុងក្រុមចម្រុះថា បាន «រារាំងដល់ការងារ ដែលនាំឲ្យមានភាពរីកចម្រើន និងកំណើនសេដ្ឋកិច្ច»។
ជាមួយគ្នានេះ លោក Karins បានបញ្ជាក់បន្ថែមថា គណបក្ស New Unity របស់លោក គ្រោងនឹងជ្រើសរើសបេក្ខជនរបស់គណបក្ស សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃពុធ (ទី១៦ ខែសីហា) ស្អែកនេះ។
លោកប្រធានាធិបតី Edgars Rinkevics ជាអ្នកទទួលខុសត្រូវ ក្នុងការផ្តល់អាណត្តិដល់នាយករដ្ឋមន្ត្រីថ្មី ក្នុងការស្វះស្វែងបង្កើតរដ្ឋាភិបាល ខណៈដែលបេក្ខជនរូបនោះ ក៏នឹងប្រឈមជាមួយការបោះឆ្នោតផ្ដល់ទំនុកចិត្តពីសភាផងដែរ៕

