អូស្ត្រាលី ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ នៅថ្ងៃអង្គារ (ទី១៥ ខែសីហា) នេះ ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងបំផ្ទុះគ្រាប់បែកក្លែងក្លាយ នៅលើជើងហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយធ្វើឲ្យអ្នកដំណើរភ័យខ្លាច និងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវអាកាសរបស់ប្រទេស។
នគរបាលបាននិយាយថា យន្តហោះដឹកអ្នកដំណើរ MH122 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ពីទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី ត្រូវបង្ខំបកក្បាលត្រឡប់ទៅវិញ កាលពីរសៀលថ្ងៃចន្ទ នៅពេលដែលបុរសដែលមានអារម្មណ៍ជ្រួលច្រាល់ បានចាប់ផ្តើមអះអាងថា រូបគេមានផ្ទុក «សារធាតុផ្ទុះ» នៅក្នុងកាបូបស្ពាយរបស់គេ។
ជើងហោះហើរនេះ បានចេញដំណើរពីអាកាសយានដ្ឋានស៊ីដនី ក្រោយម៉ោង ១រសៀល ដោយមានអ្នកដំណើរ ១៩៩នាក់ និងសមាជិកនាវិក ១២នាក់។ នគរបាលបានប្រាប់ថា យន្តហោះនេះ បានចុះចតដោយសុវត្ថិភាពនៅលើផ្លូវរត់របស់ទីក្រុងស៊ីដនី នៅម៉ោងប្រហែល ៣:៤៥នាទីរសៀល បន្ទាប់ពីអ្នកដំណើរ ត្រូវបានចោទប្រកាន់ថា បានបង្កការរំខាន អំឡុងពេលហោះហើរ។
នគរបាលបានបញ្ជាក់បន្ថែមថា បុរសវ័យ ៤៥ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយគ្មានឧបទ្ទវហេតុអ្វី បន្ទាប់ពីយន្តហោះត្រឡប់ទៅដល់ទីក្រុងស៊ីដនីវិញនោះ ត្រូវបានចោទប្រកាន់មួយករណីពីបទប្រកាសក្លែងក្លាយអំពីការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់យន្តហោះ។
នគរបាលមិនបានបញ្ជាក់ពីសញ្ជាតិរបស់បុរសនោះទេ បើទោះជាបាននិយាយថា បុរសនោះជាអ្នករស់នៅទីក្រុង Canberra (កង់បេរ៉ា) ក៏ដោយ ហើយគេរំពឹងថា បុរសនេះ នឹងបង្ហាញខ្លួននៅតុលាការ នាថ្ងៃអង្គារនេះ។ បទល្មើសរបស់ជននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១០ឆ្នាំ និងពិន័យជាប្រាក់លើសពី ១៥.០០០ដុល្លារអូស្ត្រាលី (ជិត ១០.០០០ដុល្លារអាមេរិក)៕

