ភ្នំពេញ ៖ លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអៈអាងថា មូលបទនៃ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ជាធាតុផ្សំដ៏សំខាន់ណាស់ ដើម្បីកសាងនូវធនធានមនុស្សមួយប្រកបដោយប្រសិទ្ធភាព។
ការថ្លែងរបស់លោក ង៉ែត ចាន់សុខ យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។ លោក បន្តថា ប្រសិនបើមនុស្សមិនមានឥរិយាបថ ទាំងបីខាងលើនេះទេ មនុស្សមិនអាចទទួលជោគជ័យនៅក្នុងជីវិតរស់នៅប្រកបដោយសុខដុមរមនាបាននោះទេ។ ការជួបជុំ៣ល្អនេះ គឺជាការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តន៍តាំងពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣មកម្លេះ រហូតមកដល់បច្ចុប្បន្ន។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យអប់រំ យុវជន និងកីឡា ក្នុងនោះការអភិវឌ្ឍយុវជនកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាព និងមានសក្តានុពលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ មានប្រាក់ចំណូលខ្ពស់។
ចំណែកលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងថា ជាការពិតវិស័យអប់រំ ត្រូវបានចាត់ទុកជាវិស័យអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យអប់រំ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈការអនុវត្តន៍នូវគោលនយោបាយ ការលើកទឹកចិត្ត សំដៅបណ្តុះបណ្តាលធនធានមនុស្សរបស់យើងប្រកបដោយគុណភាព ដែលយើងគ្រប់គ្នាតែងតែនិយាយថា ធនធានមនុស្ស គឺជាកត្តាកំណត់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
បើតាមលោក ស៊ឹង ឈុន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ថ្ងៃនេះយើងមកជួបជុំគ្នាដើម្បីប្រជុំបូកសរុបលទ្ធផលចលនាប្រឡងប្រណាំង៣ល្អ ទូទាំងខណ្ឌ បង្ហាញឲ្យឃើញពីបុគ្គល និងអង្គភាពមានស្នាដៃ៣ល្អ ដើម្បីលើកសរសើរជូនរង្វាន់ទៅដល់អ្នកមានស្នាដៃឆ្នើម ដើម្បីផ្តល់ជូនប័ណ្ណ និងលិខិតសរសើរដូចខាងក្រោម៖ ផ្តល់ជូនប័ណ្ណសរសរ អង្គភាពចំនួន៤៥ សាសាសាធារណៈ និងសាលាឯកជន ផ្តល់ជូនលិខិតសរសើរ និងរង្វាន់ដល់កុមារ យុវជន៣ល្អ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១៤១នាក់ផងដែរ៕ អត្ថបទ រដ្ឋា





















