
ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងផ្អាកការចេញផ្សាយតួលេខអ្នកអត់ការងារធ្វើរបស់យុវជន ខណៈធនាគារកណ្តាលរបស់ខ្លួន បានកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងតែអន់ថយ។
ភាពអត់ការងារធ្វើរបស់យុវជន បានកើនឡើងដល់កម្រិត ២១,៣ភាគរយ ក្នុងខែមិថុនា ខណៈដែលតួលេខដ៏គួរឲ្យខកចិត្តមួយចំនួន ក្នុងប៉ុន្មានខែថ្មីៗនេះ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ក្នុងប្រទេសចិន ដោយការងើបឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ កាន់តែរលាយបាត់បន្តិចម្ដងៗ។
ការិយាល័យស្ថិតិជាតិ (NBS) នៅថ្ងៃអង្គារ (ទី១៥ ខែសីហា) នេះ បាននិយាយថា ខ្លួននឹងលែងបញ្ចេញទិន្នន័យអ្នកអត់ការងារធ្វើជាក់លាក់របស់មនុស្សតាមក្រុមអាយុ ចាប់ពីខែនេះតទៅទៀត ដោយលើកឡើងពីតម្រូវការដើម្បី«កែលម្អ និងធ្វើឲ្យប្រសើរឡើងនូវស្ថិតិស្ទង់មតិកម្លាំងពលកម្មបន្ថែមទៀត»។
អ្នកនាំពាក្យ NBS លោក Fu Linghui បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ចាប់ពីខែសីហានេះ ការចេញផ្សាយអត្រាគ្មានការងារធ្វើ នៅទីក្រុង សម្រាប់យុវជន និងមនុស្សក្នុងក្រុមអាយុផ្សេងទៀត នៅទូទាំងប្រទេស នឹងត្រូវផ្អាក»។
សេចក្តីប្រកាស នៅថ្ងៃអង្គារ ដែលថា ទិន្នន័យយុវជនអត់ការងារធ្វើ នឹងត្រូវផ្អាក បានកើតមានឡើង នៅពេលដែលទីក្រុងប៉េកាំងបានចេញផ្សាយនូវសូចនាករសេដ្ឋកិច្ចខ្សោយជាបន្តបន្ទាប់ សម្រាប់ខែកក្កដា៕