
ក្រោមគោលនយោបាយសន្តិសុខជាតិរយៈពេល ៦ឆ្នាំ ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១៥ សីហា) ប្រទេសហ្វីលីពីនស្វះស្វែងរកការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែង ខណៈដែលគូសបញ្ជាក់ពីតម្រូវការ ក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ក្នុងពេលជាមួយគ្នាបន្តគោលនយោបាយការបរទេសឯករាជ្យ។
ឯកសារគោលនយោបាយសន្តិសុខជាតិកម្រាស់ ៤៨ទំព័រ ដែលប្រធានាធិបតី លោក Ferdinand Marcos Jr បានអនុម័តនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពី«ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន» និង«ការបង្កើនការប្រកួតប្រជែង ក្នុងចំណោមប្រទេសមហាអំណាច» ថា ជាការរួមចំណែកដល់ «ទិដ្ឋភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែតានតឹងឡើងៗនេះ»។
រដ្ឋាភិបាលបានលើកឡើងនៅក្នុងឯកសារ ដែលបានបោះពុម្ពផ្សាយដោយក្រុមប្រឹក្សាសន្តិសុខជាតិ ដោយនិយាយសំដៅទៅលើច្រកសមុទ្រតៃវ៉ាន់ថា៖ «ការព្រួយបារម្ភជាចម្បង ក៏ត្រូវបានគេមើលឃើញផងដែរ ក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ដែលមានសក្តានុពលក្នុងការក្លាយជាចំណុចបង្កជម្លោះ ក្នុងតំបន់។ ហ្វីលីពីនមានកង្វល់អំពីស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន លរំហូរចូលរបស់ជនភៀសខ្លួននាពេលខាងមុខ និងសុខុមាលភាពរបស់ប្រជាជននៅក្រៅប្រទេស»។
ពាក់ព័ន្ធនឹងភាពតានតឹងនៅកោះតៃវ៉ាន់ រដ្ឋាភិបាលហ្វីលីពីន បានលើកឡើងក្នុងឯកសារនោះថា៖ «ជម្លោះយោធាណាមួយ នៅច្រកសមុទ្រតៃវ៉ាន់ នឹងជះឥទ្ធិពលដោយជៀសមិនរួចលើហ្វីលីពីន ដោយសារការស្ថិតនៅកៀកជាភូមិសាស្ត្ររបស់កោះតៃវ៉ាន់ទៅនឹងប្រជុំកោះហ្វីលីពីន និងវត្តមានរបស់ប្រជាជនហ្វីលីពីនជាង ១៥០.០០០នាក់ នៅកោះតៃវ៉ាន់»។
ប្រទេសហ្វីលីពីន ដែលកំពុងមានជម្លោះជាមួយចិនលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង បាននិយាយថា៖ «ភាពខុសគ្នានៃការទាមទារ និងវិធីសាស្ត្ររបស់អ្នកទាមទារក្នុងការអះអាងពីជំហររបស់ពួកគេ បន្តបង្កបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលបង្កគ្រោះថ្នាក់ដល់បូរណភាពទឹកដី និងសិទ្ធិប្រជាជន»។
ទំនាក់ទំនងជាមួយចិន កាន់តែមានភាពតានតឹងឡើង ក្រោមការដឹកនាំរបស់លោក Marcos ខណៈដែលហ្វីលីពីនងាកទៅរកសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តមានតាំងពីយូរយាណាស់មកហើយ ដោយហ្វីលីពីននឹងពង្រឹងសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយអាមេរិក រួមជាមួយនឹងយន្តការដែលមានស្រាប់ផ្សេងទៀត ជាមួយដៃគូក្នុងតំបន់ ដើម្បី«សម្រេចបាននូវសមត្ថភាពការពារដែលអាចជឿទុកចិត្តបាន»៕