ក្រុមបាល់ទាត់កំពតអេហ្វស៊ី ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ ទៅហើយ ក្រោយប្រកួតស្មើក្រុមភ្ញៀវខេត្តកែប ដោយលទ្ធផល ៣-៣ ក្នុងជំនួបវគ្គសន្សំពិន្ទុ សប្ដាហ៍ទី១៦ ជើងទី២ កាលពីល្ងាចថ្ងៃទី១៥ ខែសីហាម្សិលមិញ ។
ជំនួបនៅកីឡដ្ឋានខេត្តកំពតនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខខេត្តកែប ២-១ ដែលធ្វើសម្រេចដោយកីឡាករ អង់ យុធារិទ្ធ នៅនាទីទី៦ និងមិត្ដរួមក្រុម ហ៊ីម ហ្សះរី នៅនាទី៣១ ខណៈ ១គ្រាប់របស់ក្រុមភ្ញៀវ បញ្ចប់ទីដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី១២ ។

ចូលវគ្គទី២ ខេត្តកែប បានបន្ថែម ២គ្រាប់ នាំមុខក្រុមម្ចាស់ផ្ទះវិញ ត្រឹមនាទី៧០ ដែលរកបានដោយកីឡាករ ឃីម ភ័ក្ដ្រា និង ខន ជីវ៉ា ។ ប៉ុន្ដែនៅចុងម៉ោង ដោយសារការបង្កកំហុសក្នុងប្រអប់ទីខេត្តកែប បានផ្ដល់ឱកាសឲ្យកីឡាករ ថៃ ចំរុង ទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចជួយឲ្យខេត្តកំពត តាមស្មើ ៣-៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមកំពតអេហ្វស៊ី បន្ដឈរលេខ៣ និងមាន ៧ពិន្ទុ សល់ ១ប្រកួតក្នុងដៃ តាមពីក្រោយខេត្តព្រះសីហនុ មាន ៩ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី មាន ១៤ពិន្ទុ តែនៅសល់ ២ប្រកួតដូចគ្នា ។ ដូច្នេះកំពត ហាក់សល់ឱកាសតិចតួចបំផុត ក្នុងការប្រជែងកៅអីវគ្គបន្ដ ពោលគឺលុះត្រាតែពួកគេ ទទួលបានជ័យជម្នះក្នុងការប្រកួតចុងក្រោយ ហើយខេត្តព្រះសីហនុ បរាជ័យទាំង ២ប្រកួត ទើបពួកគេមានសង្ឃឹម ។ រីឯខេត្តកែប បានអស់ឱកាសទៅហើយ ក្រោយឆ្លងកាត់ ៧ប្រកួត រកបានត្រឹម ៥ពិន្ទុ ទោះបីពួកគេនៅសល់ ១ប្រកួតទៀតក៏ដោយ ។

ដោយឡែកការប្រកួតសប្ដាហ៍ទី១៦ ក្នុងពូលA ១គូទៀត រវាងក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលគ្រោងធ្វើការប្រកួតដំណាលគ្នា កាលពីម្សិលមិញ ត្រូវបានលើកពេល ដោយសារមានភ្លៀងខ្លាំង មិនអាចរៀបចំការប្រកួតបាន ៕អត្ថបទ លី ឈុនឡា
