នីហ្សេ៖ កាលពីថ្ងៃអង្គារ របបសឹកនីហ្សេ បាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយវិបត្តិក្នុងតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែមុន ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី។
មហាអំណាចលោកខាងលិច និងរដ្ឋាភិបាលអាហ្រ្វិកប្រជាធិបតេយ្យ បានអំពាវនាវឱ្យក្រុមមេដឹកនាំរដ្ឋប្រហារ ប្រគល់អំណាចឲ្យលោកប្រធានាធិបតីនីហ្សេ Mohamed Bazoum ដែលពួកគេបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែកក្កដា ឡើងវិញ ប៉ុន្តែក្រុមមេដឹកនាំយោធាបានបដិសេធ និងច្រានចោលការប៉ុនប៉ងចរចា។
បណ្ដាប្រមុខអាហ្រ្វិកខាងលិច នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខាងមុខនេះ នៅប្រទេសហ្គាណា ដើម្បីរៀបចំសម្រាប់លទ្ធភាពណាមួយនៃការធ្វើអន្តរាគមន៍យោធា ដែលប្លុកតំបន់សំខាន់ និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានគំរាមថានឹងធ្វើឡើង ប្រសិនបើការដោះស្រាយការទូតបរាជ័យ។
អន្តរាគមន៍យោធាណាមួយដែលអាចកើតឡើង នឹងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់ប្រទេសក្នុងតំបន់អាហ្វ្រិក Sahel ដ៏ក្រីក្រមួយនេះ ជាទីដែលការបះបោរដោយក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម បានជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ព្រមទាំងបង្កឱ្យមានវិបត្តិអត់ឃ្លានផងដែរ៕


