ម្ចាស់ផ្ទះរៀបចំបាល់ទាត់នារីជើងឯកពិភពលោក នូវែស៊ីឡង់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរសជាមួយអូស្រ្តាលីម្តងទៀត នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិ Andrew Pragneli។

ព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកដែលមាន ៣២ ក្រុមជាលើកដំបូង និងជាលើកដំបូងមួយទៀតដែលមានប្រទេសពីរចាប់ដៃគ្នាជាម្ចាស់ផ្ទះ កំពុងដំណើរការបានយ៉ាងល្អប្រសើរ ហើយក៏បានបំបែកកំណត់ត្រាអ្នកគាំទ្រចូលទស្សនា ច្រើនជាងមុនដែរ។
ប្រធានសហព័ន្ធបាល់ទាត់អូស្រ្តាលីលោក James Johnson ធ្លាប់បាននិយាយថា អូស្រ្តាលីមានលទ្ធភាពរៀបចំបាល់ទាត់ពិភពលោកបុរសបាន តែត្រូវការសាងសង់កីឡដ្ឋានថ្មីបន្ថែមឱ្យត្រូវបានបទដ្ឋានរបស់ FIFA។
FIFA តម្រូវឱ្យប្រទេសម្ចាស់ផ្ទះ World Cup ត្រូវបានកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាយ៉ាងតិច ៤ម៉ឺននាក់ នៅវគ្គចែកពូល ផ្ទុកបាន ៦ ម៉ឺននាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្ទុកបាន ៨ ម៉ឺននាក់នៅវគ្គផ្តាច់ព្រ័ត្រ។
បច្ចុប្បន្ននៅនូវែស៊ីឡង់ មានតែកីឡដ្ឋាននៅទីក្រុង Auckland មួយទេដែលអាចផ្ទុកបានដល់ ៥ ម៉ឺននាក់ ដែលត្រូវបទដ្ឋានរបស់ FIFA ត្រឹមវគ្គចែកពូលប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ