ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne ប្រឈមនឹងអវត្តមានយ៉ាងហោចណាស់ ៤ ខែ ស្របពេលដែល Manchester City នឹងត្រូវសម្រេចចិត្តលើការវះកាត់បញ្ហាសសៃពួររឺក៏អត់ នេះបើតាមការលើកឡើងរបស់អ្នកចាត់ការ Pep Guardiola។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៣២ ក្នុងជ័យជំនះបើករដូវកាលថ្មីរបស់ Manchester City នៅទឹកដី Burnley កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។

Kevin de Bruyne ក៏ត្រូវបានប្តូរចេញដែរកាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League យកឈ្នះ Inter Milan កាលពីខែមិថុនា។
ក្រោយមកទៀតអតីតខ្សែបម្រើ Wolfsburg រូបនេះបានអវត្តមានពីការប្រកួត Pre-Season ទាំងអស់របស់ Manchester City មុននឹងត្រលប់មកវិញជាកីឡាករបម្រុងដូរចូលលេងពេល City ចាញ់ Arsenal ពានរង្វាន់ Community Shield។
Kevin de Bruyne ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ ប៉ះបញ្ជូន ៣១ គ្រាប់ក្នុងរដូវកាលមុនដែល Manchester City ឈ្នះពាន ៣ Premier League, Champions League និង FA Cup។
Manchester City នឹងត្រូវជួប Sevilla រាត្រីនេះក្នុងការប្រកួតពានរង្វាន់ UEFA Super Cup នៅទីក្រុងអាតែន ប្រទេសក្រិក៕ អត្ថបទ៖នាង សុភាវុធ

