កាណាដា៖ ការរត់ភៀសខ្លួនរបស់លោក Jordan Evoy ពីចំហេះព្រៃដែលកំពុងរាលដាលនៅតំបន់ចុងខាងជើង ប្រទេសកាណាដា គឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់លោក ខណៈភ្លើងព្រៃឆេះរាលដាលបានបិទផ្លូវ ដែលបង្ខំឱ្យលោកត្រលប់ក្រោយ ដើម្បីឡើងជិះលើជើងហោះហើរយោធាចាកចេញ នៅក្នុងការជម្លៀសខ្លួនធំបំផុតមិនធ្លាប់មាននៅដែនដីភាគពាយ័ព្យ។ មនុស្សរាប់រយនាក់ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់ទីសុវត្ថិភាពពីភូមិដាច់ស្រយាលកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែសីហា បន្ទាប់ពីទីក្រុង Yellowknife ជាទីក្រុងធំបំផុតនៅក្នុងតំបន់ បានប្រកាសភាពអាសន្ន។
សម្រាប់មនុស្សជាច្រើននៅក្នុងសហគមន៍តូចៗ វាគឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែល ពលរដ្ឋត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ដោយផ្លូវជាច្រើនទៅកាន់ភាគខាងត្បូង ត្រូវបានបិទបន្ទាប់ពីត្រូវបានឆេះហ៊ុមព័ទ្ធដោយអណ្តាតភ្លើង មានការដឹកជញ្ជូនតាមយន្តហោះយោធា ដែលត្រូវបានដាក់ពង្រាយរួមជាមួយទាហាន ១២០ នាក់ដើម្បីទប់ទល់អណ្តាតភ្លើង ដែលជាមធ្យោបាយតែមួយគត់នៃការភៀសខ្លួនចេញ។ កាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរដែនដីភាគពាយ័ព្យ បានប្រកាសដាក់តំបន់នោះក្នុងគ្រាអាសន្ន ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរតម្រូវការជាមូលដ្ឋាន។ លោក Shane Thompson រដ្ឋមន្ត្រីក្រសួងបរិស្ថានដែនដី បាននិយាយថា យើងបានមើលឃើញខ្លួនយើងស្ថិតនៅក្នុងស្ថានភាពវិបត្តិ ហើយរដ្ឋាភិបាលរបស់យើងកំពុងប្រើគ្រប់ឧបករណ៍ដែលមានដើម្បីជួយ។ លោក Evoy ជាពលរដ្ឋនៅតំបន់ Fort Smith និយាយ ថា លោកបានព្យាយាមបើករថយន្តទៅភាគខាងត្បូងទៅកាន់ខេត្ត Alberta ប៉ុន្តែត្រូវត្រលប់មកវិញ ហើយធ្វើតាមការស្នើសុំរបស់មន្ត្រីឱ្យទៅកាន់អាកាសយានដ្ឋានភ្លាមៗ ដោយព្រមានថាផ្លូវចេញដែលមានសុវត្ថិភាពបំផុតគឺធ្វើឡើងតាមយន្តហោះ។

