កណ្ដាល ៖ ផ្សារតាខ្មៅចាស់ ផ្សាររាយរង ភោជនីយដ្ឋាន និងហាងលក់ទំនិញតូចធំ ចាប់ថ្ងៃទី២៤ ខែឧសភានេះ តទៅ គឺបានអនុញ្ញាតឱ្យបើកដំណើរដំឡើងវិញទាំងអស់ ប៉ុន្តែតូបលក់ និងហាងលក់ទំនិញ ដែលមិនមានរបៀបរៀបរយ គ្មានសណ្តាប់ធា្នប់គឺ អាជ្ញាធរជំរុញអោយគាត់រៀបចំឡើងវិញ ដើម្បីបើកការលក់ដូរ ដែលមានសុវត្ថិភាពចៀសផុតពីការឆ្លងកូវីដ១៩។
បើតាមថ្លែងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលបាលខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែឧសភានេះថា ជារួមគ្រប់មូលដ្ឋានអាជីវកម្ម ការលក់ដូរតាមផ្សារ និងតាមទីសាធារណៈនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល គឺយើងបានអនុញ្ញាតអោយបើកដំណើរការ ដោយឡែកសម្រាប់តូបលក់ទំនិញមួយចំនួននៅក្នុងផ្សារតាខ្មៅចាស់ សម្រាប់តូបណាដែលជួសជុលកែលំអររួចហើយ គឺអនុញ្ញាតអោយបើកការលក់ដូរបាន ប៉ុន្តែតូបណាដែលបើកលក់មិនមានសណ្តាប់ធ្នាប់ មិនរក្សាគន្លាត ទុកផ្លូវអោយពលរដ្ឋដើររក្សាគន្លាតជាដើម យើងត្រូវបន្តការរៀបចំទៀត ដើម្បីកុំអោយឆ្លងកូវីដ១៩។
ឯកឧត្តម អភិបាលខេត្តកណ្តាល បញ្ជាក់ថា ការអនុញ្ញាតបើកផ្សារ ការលក់ដូរឡើងវិញនេះ បើមានអាជីវកម្ម តូបណា ហាងលក់ទំនិញណា រឹងរួសលក់ទំនិញហាមឃាត់មាន ដូចជា លក់គ្រឿងស្រវឹង និងផឹកតាមទីសាធារណៈ និងទីតាំងអាជីវកម្មបន្ទប់បិទជិតជាដើម គឺ អនុវត្តតាមផ្លូវច្បាប់ ចុះឃាត់ខ្លួន និងបិទទីតាំងនោះតែម្តង។
ពាក់ព័ន្ធនឹងអនុញ្ញាតបើកផ្សារលក់ដូរនេះដែរ បណ្តាអាជីវករនៅផ្សារតាខ្មៅចាស់ បានថ្លែងការសប្បាយចិត្ត ខណៈបច្ចុប្បន្នមានអាចអាជីវករខ្លះ បានចាប់ផ្តើមចូលបើកដំណើរការលក់ ខ្លះបាននិងកំពុងរៀបចំតូបត្រៀមលក់ និងតូបខ្លះកំពុងបន្តជួសជុល។
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល បច្ចុប្បន្ន មិនមានកំណត់ជា តំបន់លឿង លឿងទុំ និងតំបន់ក្រហមណាទៀតទេ ប៉ុន្តែអាជ្ញាធរ គឺនៅតែបន្តតាមដានឃ្លាំមើល ការបន្តប្រុងប្រយ័ត្ន ការអនុវត្តវិធាន៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ១៩ ខណៈក្រុងតាខ្មៅ មានលំហូរចេញចូលធ្វើការងារច្រើននៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទ ស៊ុម សុខជា