ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកអ្នកចាំទីអេស្ប៉ាញ David Raya ពី Brentford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល អមជាមួយលក្ខខណ្ឌទិញផ្តាច់ក្រោយចប់កិច្ចសន្យាខ្ចី។
បើតាមការចុះផ្សាយពីសារព័ត៌មានថា Arsenal ព្រមចំណាយ ៣ លានផោនក្នុងការខ្ចី កីឡាករវ័យ ២៧ ឆ្នាំរូបនេះ រួមជាមួយនឹង ២៧ លានផោនផ្សេងទៀតនៅពេលទិញផ្តាច់។

David Raya បង្ហាញខ្លួនបាន ១៦០ ប្រកួតឱ្យ Brentford តាំងពីផ្លាស់មករួមក្លិបនៅឆ្នាំ ២០១៩ និងជាសមាជិកសំខាន់របស់ក្រុមដែលឡើងមកកាន់ក្របខណ្ឌកំពូល English Premier League នៅឆ្នាំ ២០២១។
David Raya ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ២ លើកផងដែរនៅឆ្នាំ ២០២២ និងជាសមាជិករបស់ក្រុមរបស់អេស្ប៉ាញនៅ World Cup 2022 ឆ្នាំមុន។
ការមកដល់របស់ David Raya មកកាន់ Arsenal គឺដើម្បីដាក់ឱ្យមានការប្រកួតប្រជែងតំណែងជម្រើសដំបូងជាមួយអ្នកចាំទីអង់គ្លេស Aaron Ramsdale បន្ទាប់ពីអ្នកចាំទីដៃទី ២ Matt Turner ចាកចេញទៅ Nottingham Forest សប្តាហ៍មុន៕ អត្ថបទ៖នាង សុភាវុធ
