UN៖ បេសកជនអប់រំពិភពលោករបស់អង្គការសហប្រជាជាតិ លោក Gordon Brown បាននិយាយកាលពីថ្ងៃអង្គារ (១៥ សីហា)ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គួរតែទទួលស្គាល់ការរើសអើងភេទនៅអាហ្វហ្គានីស្ថាន ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបើកការស៊ើបអង្កេតករណីនោះក្នុងគោលបំណងកាត់ទោសអ្នកដែលប្រព្រឹត្តខុស។
លោក Brown បានប្រាប់ក្រុមអ្នកសារព័ត៌មានថា "នេះគឺជាឧទាហរណ៍ដ៏អាក្រក់បំផុតនៃការរំលោភសិទ្ធិមនុស្សលើក្មេងស្រី និងស្ត្រីនៅជុំវិញពិភពលោក ហើយប្រសិនបើយើងអនុញ្ញាតឱ្យរឿងនេះកើតឡើង ហើយបន្តដោយនិទណ្ឌភាព នោះអ្នកផ្សេងទៀតអាចនឹងព្យាយាមធ្វើរឿងដូចគ្នានេះ" ។
ក្មេងស្រីដែលមានអាយុលើសពី១២ឆ្នាំភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យចូលរៀនទេ ចាប់តាំងពីពួកតាលីបង់ បានកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថានមក។ ពួកតាលីបង់ក៏បានបញ្ឈប់បុគ្គលិកស្ត្រីជនជាតិអាហ្វហ្គានីស្ថាន ភាគច្រើន មិនអោយធ្វើការនៅភ្នាក់ងារផ្តល់ជំនួយ ដោយបិទហាងកែសម្ផស្ស រារាំងស្ត្រីមិនឲ្យទៅកាន់សួនកម្សាន្តនិងកាត់បន្ថយការធ្វើដំណើរសម្រាប់ស្ត្រី ក្នុងករណីដែលគ្មានអាណាព្យាបាលបុរស។
លោកបានជំរុញឱ្យបណ្ដាប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន បញ្ជូនគណៈប្រតិភូទៅទីក្រុង Kandahar ដើម្បីបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំតាលីបង់ ឱ្យលុបចោលបម្រាមរបស់ពួកគេលើការអប់រំសម្រាប់ក្មេងស្រី និងការងាររបស់ស្ត្រី ដែលមិនមានមូលដ្ឋាននៅក្នុងគម្ពីរកូរ៉ាន ឬសាសនាឥស្លាម៕


