អាហ្សង់ទីន៖ កូដកម្មរបស់បុគ្គលិកជញ្ជូនឥវ៉ាន់នៅព្រលានយន្តហោះ បានធ្វើឱ្យអ្នកដំណើរជាង១០.០០០នាក់ជាប់គាំង និងបណ្តាលឱ្យមានការលុបចោលជើងហោះហើរយ៉ាងហោចណាស់៦០ជើង នៅអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសអាហ្សង់ទីន កាលពីព្រឹកថ្ងៃអង្គារ (១៥ សីហា)។
ក្រុមកម្មករនៃក្រុមហ៊ុនរដ្ឋ Intercargo ដែលផ្តល់សេវាផ្ទេរឥវ៉ាន់ បញ្ជូន និងដឹកជញ្ជូន នៅតំបន់រងចាំឡើងយន្តហោះ បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃចន្ទ (១៤ សីហា) ក្នុងការតវ៉ាទាក់ទងនឹងជម្លោះអន្តរសហជីពជាមួយក្រុមហ៊ុនសេវាកម្មព្រលានយន្តហោះ Swissport។
បន្ទាប់ពីការតវ៉ាអស់រយៈពេល២០ម៉ោង ក្រុមបុគ្គលិកជញ្ជូនឥវ៉ាន់បានបញ្ឍប់កូដកម្មនៅពាក់កណ្តាលថ្ងៃបន្ទាប់ពីកិច្ចប្រជុំថ្មីជាមួយក្រុមអាជ្ញាធរនៃក្រសួងការងារអាហ្សង់ទីន។
អាកាសយានដ្ឋានដែលរងផលប៉ះពាល់ដោយការធ្វើកូដកម្មគឺមានអាកាសយានដ្ឋាន Ezeiza, អាកាសយានដ្ឋាន Cordoba, អាកាសយានដ្ឋាន Mendoza, អាកាសយានដ្ឋាន Salta, អាកាសយានដ្ឋាន Iguazu និងស្ថានីយអាកាសយានដ្ឋាន Bariloche ផងដែរ៕

