កំពង់ឆ្នាំង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់ ភ្នំទេ ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម បានចាត់ទុកការវិនិយោគនេះ ជាការរួមចំណែកធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ ក្នុងពេលរូបលោក អញ្ជើញចុះពិនិត្យដំណើរការសាងសង់កំពង់ផែ និងសំណេះសំណាលជា មួយបុគ្គលិក និងកម្មករ ដែលកំពុងបម្រើការងារនៅទីនោះកាលពីពេលថ្មីៗនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរថ្នាក់ដឹកនាំ ក្រុម ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែលមានឆន្ទៈច្បាស់លាស់ក្នុងការវិនិយោគ ហើយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនានាលេចចេញជារូបរាងយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថ្នាក់ដឹកនាំក្រុមហ៊ុនបុគ្គលិក កម្មករ ក៏ដូចជាប្រជាពលរដ្ឋត្រូវចេះរួមសហការគ្នាធ្វើឱ្យការវិនិយោគទទួលបានជោគជ័យ ហើយកំពង់ផែដំណើរការតាមការគ្រោងទុក ដើម្បីជាប្រយោជន៍រួម។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក និងកម្មករជាង៣០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាជូនពួកគេម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង មជ្ឈមណ្ឌលភស្តុភារកម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគដ៏ធំជាលើកដំបូង ហើយសម្រាប់ទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយទឹកប្រាក់រហូតដល់ទៅជាង ៣០០លានដុល្លារអាមេរិក៕
















