អាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានសម្តែងទំនុកចិត្តលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីជាងមួយទសវត្សរ៍មុន។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការបរទេសថា ទីក្រុងវ៉ាស៊ីនតោន «ពេញចិត្ត» ចំពោះផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញសារធាតុកខ្វក់ឱ្យបានឆាប់នៅចុងខែសីហានេះ ដែលលោកបានពណ៌នាថា «មានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ រួមទាំង ស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរខ្ពស់ពីទីភ្នាក់ងារ IAEA»។
លោក Blinken បាននិយាយថា "ប្រទេសជប៉ុន បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ IAEA លើផែនការរបស់ខ្លួន ហើយពួកគេបានអនុវត្តដំណើរការដែលផ្អែកលើវិទ្យាសាស្ត្រ និងតម្លាភាព និងជាដំណើរការមួយដែលយើងពេញចិត្ត" លោកបាននិយាយបែបនេះដោយសំដៅទៅដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពល (IAEA) ។
ផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលខូចចូលទៅក្នុងមហាសមុទ្រ គ្រោងនឹងអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផែនការនេះ ទទួលបានការរិះគន់ពីប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាក្រុមអ្នកនេសាទ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលអាចកើតមានពីទឹកសំណល់នេះ៕

