អ៊ីរ៉ាក់៖ រោងចក្រទឹកកកនៅក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កំពុងមើលឃើញកំណើនការបញ្ជាទិញ ខណៈរលកកម្ដៅបន្តដុតកម្តៅប្រទេសនេះ។
នៅតំបន់ដែលមិនមានការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ប្រជាជនក្នុងតំបន់ ក៏ដូចជាម្ចាស់ហាងនានា ត្រូវទិញដុំទឹកកកដើម្បីធ្វើភេសជ្ជៈកក ឬរក្សាទុកបម្ហូបអាហារ ស្របពេលរលកកម្ដៅដ៏ខ្លាំងនៅក្នុងរដូវក្តៅ។
លោក Mustafa Najjar ម្ចាស់រោងចក្រផលិតទឹកកកបាននិយាយថា រោងចក្ររបស់លោកឥឡូវនេះផលិតដុំទឹកកកចំនួន៥០០ដុំក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ១,២៥ដុល្លារអាមេរិកក្នុងមួយដុំ។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមអូសបន្លាយ និងការបំផ្លិចបំផ្លាញដោយចេតនាដោយក្រុមជ្រុលនិយម។
លើសពីនេះ ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កការលំបាកដល់អ៊ីរ៉ាក់ ក្នុងការនាំចូលថាមពលគ្រប់គ្រាន់ពីប្រទេសជិតខាង។ ប្រទេសអ៊ីរ៉ាក់ ក៏បានប្រឈមមុខនឹងកង្វះខាតអគ្គិសនីយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕


