ប្រដាល់៖ ម្ចាស់ខ្សែក្រវាត់ពិភពលោកទំងន់ធ្ងន់ WBC, Tyson Fury បានចុះកិច្ចសន្យាឡើងសង្វៀនជួបជាមួយកីឡាករ Deontay Wilder នៅថ្ងៃទី២៤ ខែកក្កដាខាងមុខ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះមុននេះមានគំរោងឡើងប្រកួតដណ្តើម និងការពារខ្សែក្រវាត់ពិភពលោកបួនស្ថាប័នទល់មិត្តរួមជាតិអង់គ្លេស Anthony Joshua នៅអារ៉ាប៊ីសាអ៊ូឌីត។

តែក្រោយមកការព្រមព្រៀងឡើងសង្វៀន របស់កីឡាករអង់គ្លេសទាំងពីរបែជាបរាជ័យវិញ បន្ទាប់ពី Tyson Fury មុននេះក៏មានកិច្ចព្រមព្រៀងឡើងសង្វៀនជាមួយ Deontay Wilder ដែរដែលជាកិច្ចព្រមព្រៀងមុន Anthony Joshua ទៅទៀត។ Tyson Fury បានចូលរួមទស្សនាការប្រកួតរបស់ Josh Taylor យកឈ្នះ Jose Ramirez កាលពីថ្ងៃសៅរ៍នៅ Las Vegas សហរដ្ឋអាមេរិក និងជាកន្លែងដែលពួកគេចុះកិច្ចសន្យាឡើងសង្វៀនជាមួយ Deontay Wilder នេះ។
ដោយឡែក Anthony Joshua ឯណោះវិញក៏ត្រូវបានគេរំពឹងថា នឹងត្រូវឡើងសង្វៀនដែរដើម្បីប្រកួតការពារខ្សែក្រវាត់ពិភពលោក ៣ស្ថាប័នរបស់ខ្លួនរួមមាន IBF, WBA និង WBO ទល់នឹងកីឡាករអ៊ុយក្រែន Oleksandr Usyk នៅខែសីហាខាងមុខផងដែរ ខណៈដែលគំរោងប្រកួតគ្នារវាង Tyson Jury និង Anthony Joshua ត្រូវបានគេរំពឹងថានឹងកើតឡើងនៅចុងឆ្នាំ២០២១ នេះវិញ៕
អត្ថបទ៖នាង សុភាវុធ