លីប៊ី៖ គូបដិបក្ខប្រដាប់អាវុធដ៏មានឥទ្ធិពលចំនួនពីរក្រុម បានប្រយុទ្ធគ្នាក្នុងរដ្ឋធានីនៃប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងឆ្នាំនេះ ប៉ុន្តែការប៉ះទង្គិចគ្នាយ៉ាងសាហាវបានស្ងប់ស្ងាត់ បន្ទាប់ពីភាគីម្ខាង បានដោះលែងមេបញ្ជាការម្នាក់ ដែលការឃុំខ្លួនរបស់មេបញ្ជាការនោះ បានបង្កឱ្យមានការប្រយុទ្ធគ្នានេះ។
ទីភ្នាក់ងារសុខភាពរដ្ឋធានីទ្រីប៉ូលី បាននិយាយថា មនុស្ស២៧នាក់ បានស្លាប់ និងជាង១០០នាក់ បានរងរបួស ក្នុងអំពើហឹង្សានេះ ដោយមិនបាននិយាយថាតួលេខនេះរួមមានទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលឡើយ។ កងកម្លាំងការពារពិសេស និងកងពលតូចលេខ៤៤៤ គឺជាកងកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតចំនួនពីរក្រុម នៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយការប្រយុទ្ធរបស់ពួកគេចាប់តាំងពីល្ងាចថ្ងៃចន្ទ បានធ្វើឱ្យរង្គោះរង្គើទូទាំងរដ្ឋធានី។
ផ្សែងខ្មៅបានហុយពាសពេញផ្នែកខ្លះនៃទីក្រុងនេះ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារ ហើយសំឡេងនៃផ្ទុះអាវុធធុនធ្ងន់ បានលាន់ឡើងពាសពេញផ្លូវ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតំបន់ជាយក្រុងផ្សេងៗគ្នា។
គូបដិបក្ខប្រយុទ្ធទាំងពីរក្រុមនេះ បានគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិ (GNU) ក្នុងអំឡុងពេលការប្រយុទ្ធគ្នារយៈពេលខ្លីកាលពីឆ្នាំមុន ហើយការប្រយុទ្ធគ្នាភ្លាមៗរបស់ពួកគេ បានបំផ្លាញភាពស្ងប់ស្ងាត់ជាច្រើនខែនៅទីក្រុងទ្រីប៉ូលី នេះ ដោយសង្កត់ធ្ងន់លើហានិភ័យនៅក្នុងជម្លោះដែលនៅតែមិនទាន់ដោះស្រាយបាន៕

