ឥណ្ឌនេស៊ី៖ អង្គភាពប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ បានប្រកាសពីការចាប់ខ្លួនជនភក្តីភាពរដ្ឋឥស្លាម (IS) ដែលត្រូវបានសង្ស័យថា បានរៀបចំផែនការវាយប្រហារលើទីបញ្ជាការនៃកងសន្តិសុខរបស់នគរបាល។
បុរសនេះ ត្រូវបានគេឃុំខ្លួននៅក្នុងការវាយឆ្មក់លើផ្ទះរបស់ខ្លួននៅខាងក្រៅរដ្ឋធានីហ្សាការតា កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលនោះ ទង់IS គ្រាប់រំសេវ និងអាវុធចំនួន១៦ដើម ត្រូវបានរកឃើញ ដែលភាគច្រើនជាកាំភ្លើងខ្លី និងកាំភ្លើងខ្យល់ឆ្នៃ នេះបើយោងតាមលោក Aswin Siregar អ្នកនាំពាក្យនៃកងកម្លាំងប្រឆាំងភេរវកម្ម Densus 88 របស់ប្រទេសឥណ្ឌូនេស៊ី។
លោកAswinបាននិយាយថា ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនផ្លូវដែករបស់រដ្ឋមួយ បានប្រាប់អាជ្ញាធរអំពីផែនការរបស់គាត់ក្នុងការវាយលុកស្នាក់ការនគរបាល ប៉ុន្តែមិនបានផ្តល់ពេលវេលា ឬហេតុផលអ្វីនោះទេ។
លោកបានបន្ថែមថា ជនសង្ស័យដែលធ្លាប់ជាសមាជិកនៃអង្គការសកម្មប្រយុទ្ធដែលលែងដំណើរការ បានបង្ហោះខ្លឹមសារគាំទ្រក្រុមរដ្ឋឥស្លាម (IS) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានស្វែងរកការរៃអង្គាសមូលនិធិសម្រាប់អំពើជ្រុលនិយមតាមរយៈកម្មវិធីផ្ញើសារTelegram៕

