អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ង់ បានកាត់ទោសអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញ លោក Saeed Roustaee ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែជុំវិញ ការចាក់បញ្ចាំងខ្សែភាពយន្តរបស់គាត់គឺរឿង «Leila's Brothers» នៅមហោស្រពភាពយន្តCannes កាលពីឆ្នាំមុន។
រឿង «Leila's Brothers»ដែលជារឿងនិទានដ៏សម្បូរបែបនិងស្មុគស្មាញនៃគ្រួសារមួយ ដែលកំពុងតស៊ូជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចេញផ្សាយរបស់ខ្លួន កាលពីឆ្នាំមុន។
ខ្សែភាពយន្តនេះ បានប្រកួតប្រជែងដណ្តើមពានរង្វាន់ Palme d'Or នៅមហោស្រពCannes កាលពីឆ្នាំមុន។ វាបានខកខានមិនបានទទួលពានរង្វាន់កំពូល ប៉ុន្តែបានឈ្នះពានរង្វាន់របស់សហព័ន្ធអន្តរជាតិនៃអ្នករិះគន់ភាពយន្ត (FIPRESCI)។
កាលពីថ្ងៃអង្គារ សារព័ត៌មានអ្នកកំណែទម្រង់ Etemad ប្រចាំថ្ងៃ បាននិយាយថា លោក Roustaee រួមជាមួយនឹងផលិតករភាពយន្ត លោក Javad Noruzbegi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ សម្រាប់ការបញ្ចាំងភាពយន្តនៅមហោស្រពភាពយន្តCannes។

