
ភ្នំពេញ៖ មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយ អង្គការស្ទែមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា”។
ព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា” នេះផ្ដល់ឱកាសដល់សិស្សានុសិស្សសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់ អាចបញ្ចេញស្នាដៃ និងសមត្ថភាព ឬភាពប៉ិនប្រសប់របស់ខ្លួនជាសាធារណៈ។ ការរចនាផលិតផលមេកាត្រូនិច ត្រូវផ្សាភ្ជាប់ប្រធានបទណាមួយដែលទាក់ទងនឹងការជួយដល់ការរស់នៅប្រចាំថ្ងៃ ឬអាចជួយដល់សង្គម។
ការប្រកួតប្រជែង បើកឱកាសឱ្យសិស្សានុសិស្សអាចចូលរួមជាក្រុមដែលមានសមាជិកយ៉ាងច្រើនចំនួន៥នាក់។ការប្រកួតមួយនេះ ក៏ជាវេទិកាដែលអាចឱ្យសិស្សានុសិស្សបង្ហាញអំពីភាពវៃឆ្លាត (ingenuity) ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (Function)។
ក្រុមសិស្សានុសិស្សដែលជាជ័យលាភីនឹងទទួលបានថវិកាគាំទ្រសម្រាប់ផលិតស្នាដៃការរចនាផលិតផលមេកាត្រូនិច ព្រមទាំងថវិកាលើកទឹកចិត្តក៏ដូចជាទទួលបានការផ្សព្វផ្សាយ និងការតាំងបង្ហាញជាសាធារណៈផងដែរ។
នីតិវិធីនៃការប្រកួតប្រជែងការឌីហ្សាញផលិតផលមេកាត្រនិច នឹងប្រព្រឹត្តិទៅជា ៧ ដំណាក់កាល។
ដំណាក់កាលទី ១ សិស្សានុសិស្សត្រូវធ្វើការចុះឈ្មោះ និងសរសេរពិព័ណ៌នាសង្ខេបពីគម្រោងរបស់ខ្លួនចាប់ពីថ្ងៃបើកការប្រកួតជាផ្លូវការរហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣។ដំណាក់កាលទី២ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៣០ក្រុម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ
២០២៣។
ដំណាក់កាលទី ៣ ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើសពីដំណាក់កាលទី២ នឹងទទួលបានកញ្ចប់ថវិកា និងមានរយៈពេល ៣ សប្តាហ៍ដើម្បីរៀបចំវត្ថុគំរូតាមរយៈការធ្វើវីដេអូសម្រាប់គណៈកម្មការវាយតម្លៃនៅថ្ងៃទី ៨ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣។ ដំណាក់កាលទី ៤ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៥ -១០ ក្រុម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។
ដំណាក់កាលទី ៥ ក្រុមសិស្សានុសិស្សដែលបានជាប់ពីដំណាក់កាលទី៤ នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ និងទទួលបានកញ្ចប់ថវិកាបន្ថែម ដំណាក់កាលទី ៦ ការធ្វើវេទិកាសាធារណៈ និងប្រកាសលទ្ធផលនៃក្រុមជ័យលាភីនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។
ដំណាក់កាលទី៧ ក្រុមទទួលបានជ័យលាភីចំនួន៣អាចត្រៀមខ្លួន ដើម្បីចូលរួមព្រឹត្តិការណ៍"បំណងប្រាថ្នា ”។
ដូច្នេះសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីប្រកួតខាងលើអាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/frxOW ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣។បើសិស្សានុសិស្សមានចម្ងល់ឬមានបំណងចង់សាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងនីតិវិធីនិង ដំណើរការនៃព្រឹត្តិការណ៍ សិស្សានុសិស្សអាចធ្វើការទាក់ទងដោយផ្ទាល់តាមរយៈតេឡេក្រាមលេខ ០១៤៣៨១ ២៧១ ។ អត្ថបទ៖ គឹមហុក