ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នេះ ដើម្បីជំរុញការងារការពារក្ដីជូនប្រជាពលរដ្ឋក្រីក្រ ដែលមានតម្រូវការមេធាវីការពារក្ដីនៅទូទាំងប្រទេសកម្ពុជា ខណៈគិតចាប់ពីខែមករាដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមគម្រោងជំនួយរបស់រាជរដ្ឋាភិបាល គណៈមេធាវីបានការពារក្ដីជូនជនក្រីក្របានជាង ៣៧០០ករណី។
លោកមេធាវី គឹម រ័ត្នណារុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ BTV នាថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣នេះថា គណៈមេធាវី ក្រោមការដឹកនាំដោយឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយន្តការការពារក្ដីជូនជនក្រីក្រនៅទូទាំងប្រទេសកម្ពុជាដោយក្នុងនោះមានមេធាវីស្ម័គ្រចិត្តជាង ៥០០ នាក់បានស្ម័គ្រចិត្តចូលរួមការពារក្ដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
លោកមេធាវី គឹម រ័ត្នណារុង បានថ្លែងអបអរសាទរចំពោះឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា គណៈមេធាវីប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលក្នុងជំរុញការងារការពារក្ដីជូនប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងអាណត្តិទី៧នេះ។
សូមជម្រាបថា តាមរយៈគម្រោងការពារក្ដីជូនជនក្រីក្ររបស់រាជរដ្ឋាភិបាលគិតចាប់ពីខែមករា ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣នេះ គណៈមេធាវីបានការពារក្ដីជូនជនក្រីក្របានជាង ៣៧០០ ករណី៕អត្ថបទ៖ វ៉ន ដារ៉ា