អង់គ្លេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា អត្រាអត់ការងារធ្វើរបស់ចក្រភពអង់គ្លេស បានកើនឡើងក្នុងរយៈពេលបីខែដល់ចុងខែមិថុនា ខណៈដែលប្រាក់ឈ្នួលបានកើនឡើងក្នុងល្បឿនលឿនបំផុតប្រចាំឆ្នាំ ពេលដែលសេដ្ឋកិច្ចកំពុងជួបផលលំបាកជាមួយនឹងអតិផរណាខ្ពស់។
ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយថា ចំនួនមនុស្សដែលអត់ការងារបានកើនឡើងដល់៤,២ភាគរយបើធៀបនឹងតួលេខ ៤ភាគរយក្នុងរយៈពេលបីខែដល់ចុងខែឧសភា។
លោក Darren Morgan នាយកស្ថិតិសេដ្ឋកិច្ចនៅការិយាល័យ ONS បាននិយាយថា កំណើននោះគឺជាចម្បងដោយសារតែមនុស្សចំណាយរយៈពេលយូរក្នុងការស្វែងរកការងារ ជាងអ្នកដែលបានចាប់ផ្តើមស្វែងរកការងារនៅក្នុងប៉ុន្មានខែថ្មីៗនេះ។
ក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសបានកត់សម្គាល់ថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស គឺទាបជាងប្រទេសកាណាដា បារាំង អ៊ីតាលី អេស្ប៉ាញ និងតំបន់ចាយប្រាក់អឺរ៉ូ។
ខណៈដែលអត្រាគ្មានការងារធ្វើ គឺខ្ពស់បំផុតចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១មក ក្រសួងបានបន្ថែមថា តួលេខនោះនៅតែទាបតាមស្តង់ដារប្រវត្តិសាស្ត្រ។
តួលេខការិយាល័យ ONS ក៏បានបង្ហាញផងដែរថា ប្រាក់ឈ្នួលទៀងទាត់មិនរាប់បញ្ចូលប្រាក់រង្វាន់ គឺខ្ពស់ជាង៧,៨ភាគរយក្នុងរយៈពេលបីខែដល់ចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

