ចិន៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ បានព្រមានទល់នឹងការលេងជាមួយភ្លើង នៅពេលដែលកោះតៃវ៉ាន់ ស្ថិតនៅក្នុងរបាំងមុខរបស់សហរដ្ឋអាមេរិក ខណៈលោកបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខនៅក្នុងប្រទេសរុស្ស៊ី។
ដោយថ្លែងនៅក្នុងសន្និសិទទីក្រុងមូស្គូ ស្តីពីសន្តិសុខអន្តរជាតិ លោក លី បាននិយាយថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងប្រទេសចិន នឹងប្រាកដជាបញ្ចប់ដោយការបរាជ័យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។
បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងមួយនេះ ហើយបានប្តេជ្ញាថា នឹងក្រសោបដីកោះនេះ ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ ចិនបានរិះគន់ម្តងហើយម្តងទៀតនូវអន្តរកម្មរបស់អាមេរិក ជាមួយកោះនេះ ដែលទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតជាផ្លូវការ រួមទាំងការលក់អាវុធរបស់អាមេរិកទៅទីក្រុងតៃប៉ិ ផងដែរ។
ដំណើរទស្សនកិច្ចនេះ ជាដំណើរលើកទីពីររបស់លោក លី សម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពីទទួលតួនាទីជាប្រមុខការពារជាតិកាលពីដើមឆ្នាំនេះមក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងខណៈទីក្រុងប៉េកាំង បានបន្តពង្រឹងទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាការវាយលុកដោយឥតឈប់ឈររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ជាមួយនឹងផលប៉ះពាល់ជាសកលក៏ដោយ៕

