អាហ្វ្រិក៖ ក្រុមអ្នកប្រតិបត្តិនៅអាហ្វ្រិករបស់ខ្លួន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Google គ្រោងនឹងបណ្តុះបណ្តាលស្ត្រី និងយុវជននីហ្សេរីយ៉ាចំនួន ២០.០០០ នាក់ក្នុងជំនាញឌីជីថល និងផ្តល់ជំនួយចំនួន ១,២ពាន់លាន ណៃរ៉ា (១,៦ លានដុល្លារ) ដើម្បីជួយរដ្ឋាភិបាលក្នុងការបង្កើតការងារឌីជីថលមួយលានកន្លែង នៅក្នុងប្រទេសនេះ។
អនុប្រធានាធិបតី លោក កាស៊ីម សេតទីម៉ា ( Kashim Shettima) បានថ្លៃងប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Google Africa ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអាប៊ូចា ( Abuja)ថា ប្រទេសនីហ្សេរីយ៉ា គ្រោងបង្កើតការងារឌីជីថលសម្រាប់យុវជនដ៏ច្រើនរបស់ខ្លួន ។ លោកសេតទីម៉ា មិនបានផ្តល់ពេលវេលាសម្រាប់ការបង្កើតការងារនោះទេ។
ក្រុមអ្នកប្រតិបត្តិក្រុមហ៊ុន Google Africa បាននិយាយថា ជំនួយពីអង្គការសប្បុរសធម៌របស់ខ្លួនក្នុងភាពជាដៃគូជាមួយបណ្តាញទិន្នន័យវិទ្យាសាស្ត្រនីហ្សេរីយ៉ា ( Data Science Nigeria) និងកម្មវិធីគំនិតផ្តួចផ្តើមឧស្សាហកម្មច្នៃប្រឌិតសម្រាប់ អាហ្វ្រិក (Creative Industry Initiative for Africa) នឹងជួយសម្រួលដល់គម្រោងនេះ។
លោក សេតទីម៉ា បាននិយាយថា គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Google ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរួមរបស់យុវជននៅក្នុងសេដ្ឋកិច្ចឌីជីថល។ លោកបន្ថែមថា រដ្ឋាភិបាល ក៏កំពុងធ្វើការជាមួយធនាគាររបស់ប្រទេសនេះ លើគម្រោងនេះផងដែរ៕

